ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាជាតិគយ។
----------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS
ដោយមានការចូលរួមពីមន្រ្ដីជំនាញអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជាង ២០០០ នាក់ នៅគ្រប់ការដ្ឋានដែលប្រើប្រាស់ប្រព័ន្ធ FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្នុងគោលដៅធ្វើទំនើបកម្ម និងដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក, ក្រុមការងារបានគិតគូរ និងរៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់ផ្តើមអនុវត្តផែនការ តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២៣ គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធការពារសុវត្ថិភាព របស់ប្រព័ន្ធ FMIS ។